សភាជាតិ

 

សភាជាតិ 

សភា ជាអង្គការដែលមានអំណាចនីតិបញ្ញត្តិ មានន័យថាតាក់តែងច្បាប់ ។[1] សភា គឺជាសភាមួយ ឬពីរអាស្រ័យលើការចាត់តាំងរបស់រដ្ឋនិមួយៗ ដែលមានមុខងារខាង អនុវត្តច្បាប់ និងថវិកាព្រមទាំងត្រួតត្រាលើរដ្ឋាភិបាលទៀតផង ។[2] នៅបារាំងសភាជាន់ទាប គេហៅថា រដ្ឋសភា ឬសភាជាតិនិងសភាជាន់ខ្ពស់ គេហៅថា ព្រឹទ្ធសភា ។ រដ្ឋសភា-សភាជាតិ ជាអង្គការតំណាងជាជន ដែលត្រូវបានគេបោះឆ្នោតជ្រើសតាំងឡើងតាមលក្ខការណ៍សាកលដោយចំពោះ និង ដោយស្មើភាព ។[3] ព្រឹទ្ធសភា គឺជាឈ្មោះសភាជាន់ខ្ពស់ ។[4]

គោលការគ្រឹះមួយចំនួនទាក់ទងសភាជាតិ

រដ្ឋសភាមានសមាជិកតំណាងរាស្ត្រយ៉ាងតិច ១២០ រូប ។ តំណាងរាស្ត្រត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយ សេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ។ អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ គឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ២៥ឆ្នាំ មានសញ្ជាតិជាខ្មែរតាំងពីកំណើត ។បែបបទ និងការប្រព្រឹត្តទៅនៃការបោះឆ្នោត ត្រូវកំណត់ក្នុង ច្បាប់បោះឆ្នោត ។ នីតិកាលរបស់រដ្ឋសភាមានកំណត់ ៥ឆ្នាំ ហើយត្រូវផុតកំណត់ នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង។ អាណត្តិនៃសមាជិករដ្ឋសភា មានវិសមិតភាពជាមួយការ បំពេញមុខងារសាធារណៈជាសកម្ម និងជាមួយមុខងារជាសមាជិក នៃ ស្ថាប័នដទៃទៀត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ វៀរលែងតែទៅបំពេញ មុខងារក្នុងគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល ។ តំណាងរាស្រ្តមានអភ័យឯកសិទ្ធិសភា ។ រដ្ឋសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ ។ ការប្រជុំរដ្ឋសភាត្រូវធ្វើជាសាធារណៈ ។ រដ្ឋសភាអនុម័តច្បាប់ស្តីពីការលើកលែងទោសជាទូទៅ ។ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងនាយករដ្ឋមន្ត្រីមាន សិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់ ។

ព្រឹទ្ធសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញ ភារកិច្ចរបស់ខ្លួន ដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ។ ព្រឹទ្ធសភាមានចំនួនសមាជិកយ៉ាងច្រើន ស្មើនឹងពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ សមាជិកព្រឹទ្ធសភាត្រូវចាត់តាំងខ្លះ និងត្រូវជ្រើសតាំងដោយ ការបោះឆ្នោតអសកលខ្លះ ។ ការរៀបចំបែបបទ និងការប្រព្រឹត្តទៅនៃការចាត់តាំង និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងការកំណត់ អំពីអ្នកបោះ ឆ្នោត អង្គបោះឆ្នោត និងមណ្ឌលបោះឆ្នោត ត្រូវចែងក្នុងច្បាប់មួយ ។នីតិកាលរបស់ព្រឹទ្ធសភាមានកំណត់ ៦ឆ្នាំ ហើយត្រូវផុត កំណត់ នៅពេលដែលព្រឹទ្ធសភាថ្មី ចូលកាន់តំណែង ។ អាណត្តិនៃសមាជិកព្រឹទ្ធសភា មានវិសមិតភាពជាមួយការ បំពេញមុខងារសាធារណៈជាសកម្ម ជាមួយមុខងារជាតំណាងរាស្ត្រ និង ជាមួយមុខងារជាសមាជិកស្ថាប័នដទៃទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ។ សមាជិកព្រឹទ្ធសភាមានអភ័យឯកសិទ្ធិសភា ។ ព្រឹទ្ធសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ ។ គណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភារួមមានៈ ប្រធានព្រឹទ្ធសភា អនុប្រធានព្រឹទ្ធសភា និងប្រធានគណៈកម្មការទាំងអស់ របស់ព្រឹទ្ធសភា ។

ក្នុងករណីចាំបាច់ រដ្ឋសភា និងព្រឹទ្ធសភាអាចប្រជុំរួមគ្នាជាសមាជ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ របស់ប្រទេសជាតិ ។ បញ្ហាសំខាន់ៗ របស់ប្រទេសជាតិ ដូចមានចែងក្នុងមាត្រា១១៦ ថ្មី ខាងលើ ព្រមទាំងការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជ នឹងត្រូវកំណត់ក្នុងច្បាប់មួយ ។

យោលបល់ពិចារណា

§ តើអ្វីទៅជាសភាជាតិ?​ អ្វីទៅជារដ្ឋសភា? អ្វីទៅជាព្រឹទ្ធសភា?

§ ហេតុអ្វីបង្កើតឲ្យមានសភា?

§ អ្វីទៅជាគោលដៅ គោលបំណង ចក្ខុវិស័យ មុខងារ ភារកិច្ច បេសកម្ម រចនាសម្ព័ន្ធ វិសាលភាព អគ្គលេខាធិការដ្ឋាន របស់រដ្ឋសភា និង ព្រឹទ្ធសភា​មានអ្វីខ្លះ?

§ តើសភានៅកម្ពុជាយើងមានលក្ខណៈយ៉ាងដូចម្តេច?

§ សភានីមួយៗកំពុងជួបបញ្ហាដែរឬទេ?

§ តើសភានីមួយៗត្រូវរៀបចំគោលនយោបាយអ្វីខ្លះក្នុងស្ថានភាពបែបនេះ?

§ តើលោក-លោកស្រីចង់ដឹងអ្វីខ្លះដែលទាក់ទងនឹងសភាជាតិឲ្យបានលម្អិត?

§ តើស្ថានភាពសភានៅអាស៊ាន និង អន្តរជាតិ មានលក្ខណៈបែបណា?

§ តើលោក-លោកស្រីត្រូវមានឯកសារអ្វីខ្វះដើម្បីរៀបចំអត្ថបទដែលទាក់ទសសភាឲ្យកាន់តែល្អ?

 

         ឯកសារដែលលោក-លោកស្រីអាចទាញបាន ៖

 

ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖

     Website            https://www.lawlyheng.com

     Gmail               lawlyheng@gmail.com

     Pages FB          https://www.facebook.com/lawlyheng

     ACC Telegram     https://t.me/httpstmeLawlyheng

     Group Telegram   https://t.me/lawlyheng/joinchat/

     Youtube             https://www.youtube.com/lawlyheng

        

Lawlyheng សូមអរគុណ អរគុណ ។

  [1] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៦៥

[2] សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់ ឆ្នាំ ២០០៥ ទំព័រ ២១០

[3] សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់ ឆ្នាំ ២០០៥ ទំព័រ ៤៣

[4] សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់ ឆ្នាំ ២០០៥ ទំព័រ ២៥៨

Post a Comment

Previous Post Next Post