តុលាការ

 

តុលាការ


    តុលាការ គឺជាស្ថាប័នមានអំណាចក្នុងការជំនុំជម្រះសេចក្តី។[1] ឧទាហរណ៍ : សាលាដំបូងខេត្តកណ្តាលគឺជាតុលាការជាន់ទាប។

    តុលាការ គឺជាស្ថាប័នសាធារណៈ ដែលមានអំណាចវិនិច្ឆ័យសេចក្ដីលើរឿងក្តី។[2]

 តុលាការ សំដៅដល់តុលាការមានសមត្ថកិច្ចដែលត្រូវបានបង្កើតឡើងនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកសវនាការនិងសម្រេចសេចក្តីដែលបណ្តឹងតាមច្បាប់នេះ ។[3]

    សាលាដំបូង គឺជាសាលជម្រះក្តីជាន់ទាប (តុលាការខេត្ត ក្រុង) ដែលមានសមត្ថកិច្ចទទួល ស្របច្បាប់នូវពាក្យបណ្តឹង និងវិនិច្ឆ័យលើរឿងក្តី ហើយចេញសាលក្រម[4]

    សាលាឧទ្ធរណ៍​ គឺជាសាលាជម្រះក្តីជាន់ខ្ពស់ ដែលធ្វើការជំនុំជម្រះលើបណ្តឹងជំទាស់ ឬបណ្តឹង ឧទ្ធរណ៍ពីដីកាសម្រេច ឬសាលក្រមរបស់តុលាការជាន់ទាប។[5] ឧទាហរណ៍ : ពិរុទ្ធជនម្នាក់មិនយល់ស្របទៅនឹងសាលក្រមរបស់សាលា ដំបូង ហើយក៏បានប្តឹងឧទ្ធរណ៍នឹងសាលក្រមនេះ។

     សាលាឧទ្ធរណ៍ គឺជាសាលាជម្រះក្តី ដែលមានសមត្ថកិចពិនិត្យ និងសម្រេចលើបណ្តឹងឧទ្ធរណ៍របស់ពិរទជនម្នាក់នោះ។

     តុលាការកំពូល គឺជាតុលាការជាន់ខ្ពស់បំផុត ដែលមានសមត្ថកិច្ចសម្រេចលើបណ្តឹងសាទុក្ខ ជាអាទី។[6]

       តុលាការការងារ គឺតុលាការការងារជាតុលាការពិសេសដែលមានសមត្ថកិច្ច ជំនុំជំរះវិវាទបុគ្គលដែលកើតឡើង រវាងកម្មករនិយោជិត និងនិយោជក ដោយមកពីការប្រតិបត្តិកិច្ចសន្យាការងារ ឬកិច្ចសន្យាហ្វឹកហ្វឺនកូនជាង។[7] (ចំណាំ : ក្នុងពេលឥលូវដែលមិនទាន់មានតុលាការការងារ រាល់វិវាទដែលកើតឡើងរាល់ដំណោះស្រាយ ការអនុវត្តន៍ច្បាប់នេះ ត្រូវបានដាក់ជូនតុលាការអាជ្ញាគតិ) ។

       តុលាការរដ្ឋបាល ឬ យុត្តាធិការរដ្ឋបាល ជាយុត្តាធិការដែលមានសមត្ថកិច្ច ដោះស្រាយវិវាទ រដ្ឋបាល មានន័យថាជាវិវាទដែលទាក់ទងនិងរដ្ឋបាល សាធារណៈ ហើយមិនមែនជាសមត្ថកិច្ចរបស់យុត្តាធិការស៊ីវិលទេ ។[8]

     តុលាការអនុវត្ត គឺជាតុលាការដែលមានអំណាចចាត់ចែងការអនុវត្តដោយបង្ខំ។[9]

     តុលាការអន្តរជាតិ គឺជាអង្គការយុត្តិធម៌ចម្បងរបស់ អ.ស.ប ដែលមានភារកិច្ចដោះស្រាយ ជំលោះខាងផ្លូវច្បាប់រវាងរដ្ឋ និងរដ្ឋ និងផ្តលយោបល់ឲ្យដល់អង្គការនានារបស់ អ.ស.ប ។[10]

 

       តុលាការ ឬសាលាជម្រះក្តី ត្រូវបានបែងចែកជា ៣ ថ្នាក់ដូចខាងក្រោម ៖

                  សាលាដំបូង (មាន២៥ ខេត្ត-រាជធានី និង តុលាការយោធា ១)

                  សាលាឧទ្ធរណ៍ (មាន ៤ ភ្នំពេញ-បាត់ដំបង-ព្រះសីហនុ-ត្បូងឃ្មុំ)

                  តុលាការកំពូល (មាន ១ រាជធានីភ្នំពេញ)


       តុលាការជំនាញ ត្រូវបានបែងចែកជា ៤ ផ្នែកដូចខាងក្រោម ៖

                  តុលាការរដ្ឋប្បវេណី

                  តុលាការព្រហ្មទណ្ឌ

                  តុលាការពាណិជ្ជម្ម

                  តុលាការការងារ

                  តុលាការរដ្ឋបាល (ករណីពិសេស)

                 

         ចំណុចគោលការណ៍នៃអំណាចតុលាការ មានដូចខាងក្រោម ៖

    អំណាចតុលាការ ជាអំណាចឯករាជ្យ ធានារក្សាអនាគត និងការពារសិទ្ធិ សេរីភាព របស់ប្រជាពលរដ្ឋ គ្របដណ្តប់ទៅលើរឿងក្តីទាំងអស់ រួមទាំង រឿងក្តីរដ្ឋបាលផង ត្រូវប្រគល់ឱ្យតុលាការកំពូល និងសាលាជំរះក្តី គ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់ ។

    ការជំរះក្ដីផ្ដល់យុត្តិធម៌ ត្រូវធ្វើក្នុងនាមប្រជារាស្ត្រខ្មែរ តាមនីតិវិធី និងច្បាប់ជាធរមាន ។ មានតែចៅក្រមទេដែលមានសិទ្ធិជំរះក្តី ។ ចៅក្រម ត្រូវបំពេញភារកិច្ចនេះ ដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ និងឱ្យអស់ពីដួងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន ។ ចៅក្រម មិនអាចត្រូវគេដកពីមុខងារបានទេ ។                                     ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចដាក់វិន័យលើចៅក្រម ដែលបានប្រព្រឹត្តខុស។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនឹងត្រូវបង្កើតដោយច្បាប់រៀបចំអង្គការមួយ ដែលនឹងកំណត់សមាសភាព និងមុខងារ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមស្ថិតក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រ ។ ព្រះមហាក្សត្រ ព្រះអង្គទ្រង់អាចចាត់តាំងព្រះរាជ តំណាងម្នាក់របស់ព្រះអង្គឱ្យធ្វើជាអធិបតី នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅ ក្រមនេះ ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លើកសេចក្តីស្នើថ្វាយ ព្រះ មហាក្សត្រ អំពីការតែងតាំងចៅក្រម និងព្រះរាជអាជ្ញាអមសាលាជំរះក្តី ទាំងអស់ ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងមុខការដាក់វិន័យ ចំពោះ ចៅក្រម និងព្រះរាជអាជ្ញាត្រូវប្រជុំក្រោមអធិបតីភាពនៃប្រធានតុលាការកំពូល ឬអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល អាស្រ័យដោយករណីទាក់ ទងនឹងចៅក្រម ឬព្រះរាជអាជ្ញា ។

    ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជួយព្រះមហាក្សត្រក្នុងកិច្ចការនេះ។

    គ្មានអង្គការណាមួយ នៃអំណាចនីតិប្បញ្ញត្តិ ឬនីតិប្រតិបត្តិអាចទទួលអំណាចតុលាការអ្វីបានឡើយ ។

    មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា។

    លក្ខន្តិកៈ នៃចៅក្រម និងព្រះរាជអាជ្ញា និងការរៀបចំអង្គការ តុលាការ នឹងត្រូវកំណត់ក្នុងច្បាប់ដោយឡែកពីគ្នា ។

 

ចំពោះចំណុចដែលបានរៀបរាប់ខាងលើ

         តើអ្វីទៅជាអំណាចតុលាការ ?

         ហេតុអ្វីនាំឲ្យមានអំណាចតុលាការ ?

         អំណាចតុលាការកើតឡើងនៅពេលណា​ ?

         អំណាចតុលាការអនុវត្តយ៉ាងដូចម្តេច ?

         តើលោក-លោកស្រីកំពុងជាប់ជំពាក់បញ្ហា ឬវិវាទនៅតុលាការដែរឬទេ ?

         តើត្រូវប្រើប្រាស់វិធីសាស្ត្រយ៉ាងដូចម្តេច ដើម្បីដោះស្រាយវិវាទនៅតុលាការឲ្យបានល្អ និងទទួលបានផលប្រយោជន៍ស្របច្បាប់ ?

         តើបច្ចុប្បន្នមានបញ្ហាអ្វីខ្លះសម្រាប់ប្រជាពលរដ្ឋ​ នៅពេលមានវិវាទនៅតុលាការ ?

         តើមានបុគ្គលណាដែលចូលរួមពាក់ព័ន្ធអំណាចតុលាការ ?

        

         Lawlyheng យល់ឃើញថា នៅពេលលោក-លោកស្រី មានវិវាទឬជាប់បណ្តឹងនៅតុលាការ គួរតែមានអ្នកជំនាញច្បាប់សម្រាប់ប្រឹក្សាយោបល់ ឬផ្តល់យោបល់ ដើម្បីការពារផលប្រយោជន៍ផ្សេងៗ ហើយគួររកអ្នកដែលមានជំនាញពិតប្រាកដ ។

 

         ឯកសារដែលលោក-លោកស្រីអាចទាញបាន ៖

 

ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖

      Website                https://www.lawlyheng.com

      Gmail                    lawlyheng@gmail.com

      Pages FB              https://www.facebook.com/lawlyheng

      ACC Telegram      https://t.me/httpstmeLawlyheng

      Group Telegram   https://t.me/lawlyheng/joinchat/

      Youtube                 https://www.youtube.com/lawlyheng


Lawlyheng សូមអរគុណ អរគុណ ។

  

[1] នីតិព្រហ្មទណ្ឌទូទៅ រៀបរៀងដោយលោកសាស្ត្រាចារ្យ រុន ពណ្ណារិទ្ធ និង លោកស្រីសាស្ត្រចារ្យ​ ចាំង ស៊ីណាត ឆ្នាំ ២០១២ ទំព័រ ៥៣៩

[2] សន្ទានុក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៧​ លេខ​​ ៥០ ទំព័រ ១០

[3] ឧបសម្ព័ន្ធ នៃច្បាប់ស្តីពីការបោះផ្សាយនិងជួញដូរមូលបត្រមហាជន ឆ្នាំ ២០០៧ ទំព័រ ២

[4] សន្ទានុក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៧​ លេខ​​ ១៣៨ ទំព័រ ២៤

[5] នីតិព្រហ្មទណ្ឌទូទៅ រៀបរៀងដោយលោកសាស្ត្រាចារ្យ រុន ពណ្ណារិទ្ធ និង លោកស្រីសាស្ត្រចារ្យ​ ចាំង ស៊ីណាត ឆ្នាំ ២០១២ ទំព័រ ៥៩០

[6] សន្ទានុក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៧​ លេខ​​ ៥១ ទំព័រ ១០

[7] សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់ ឆ្នាំ ២០០៥ ទំព័រ ២៧៩

[8] សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់ ឆ្នាំ ២០០៥ ទំព័រ ១៦៥​​

[9] សន្ទានុក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៧​ លេខ​​ ៥៥ ទំព័រ ១១

[10] សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់ ឆ្នាំ ២០០៥ ទំព័រ ៩០

1 Comments

  1. This comment has been removed by a blog administrator.

    ReplyDelete
Previous Post Next Post