វិមតិសង្ស័យ
វិមតិសង្ស័យ ជាពាក្យមួយដែលមេធាវីជាទូទៅនិយមប្រើនៅចំពោះមុខតុលាការ ដើម្បីឱ្យមានការលើកលែងបទចោទប្រកាន់ ឬដោះលែង កូនក្តីរបស់ខ្លួនជាជនជាប់ចោទនៅក្នុងសំណុំរឿងព្រហ្មទណ្ឌ។ ព្រោះវិមតិសង្ស័យ មានន័យថាការរកឃើញពុំគ្រប់ជ្រុងជ្រោយនៃធាតុផ្សំបទល្មើស ដែលចោទប្រកាន់ទៅលើបុគ្គល។
មូលដ្ឋានច្បាប់កំណត់ពី វិមតិសង្ស័យគឺរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល កំណត់ថា “វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ”។[1] ចំណែកក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថា “វិមតិសង្ស័យត្រូវតែបានជាប្រយោជន៍ដល់ជនជាប់ចោទជានិច្ច”។[2]
មូលហេតុបង្កើតជាគោលការណ៍វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ មកពីច្បាប់ព្រហ្មទណ្ឌត្រូវបកស្រាយតឹងរ៉ឹង, មានការសង្ស័យ អាចមានការចន្លោះប្រហោង, ការដាក់ទោសខុស ជាការទម្លាក់កំហុសដ៏ធំ, មនុស្សមានតម្លៃណាស់ក្នុងសង្គម, និងជាការដាស់តឿនស្មារតីមន្ត្រីតុលាការទាំងអស់ឱ្យខិតខំប្រឹងប្រែងបង្ហាញពីពិរុទ្ធភាពរបស់ជននោះ។
ដើម្បីដឹងថារូបភាពវិមតិសង្ស័យបែបណា គឺត្រូវពិនិត្យថាមានគ្រប់ធាតុផ្សំបទល្មើសដែរ ឬទេ។ ប្រសិនបើខ្វះធាតុផ្សំនៃបទល្មើស ត្រូវបានចាត់ទុកថាមានវិមតិសង្ស័យ នាំឱ្យពុំមានភស្តុតាងថាជននោះបានប្រព្រឹត្តបទល្មើស។ តួយ៉ាង គ្មានវត្ថុតាងបញ្ជាក់ គ្មានទំនាក់ទំនងហេតុផល ជនជាប់ចោទមិននៅកន្លែងកើតហេតុ ទើបនាំឱ្យតុលាការយល់ថារូបភាព វិមតិសង្ស័យ ត្រូវបានកើតឡើង។
នៅពេលរកឃើញ វិមតិសង្ស័យ មានអានុភាពនាំឱ្យចៅក្រមជំនុំជម្រះសម្រេចថាគ្មានទោស ឬការកែប្រែបទល្មើស ការបន្ថយស្ថានទម្ងន់ទោស ជាដើម។ មួយវិញទៀតអានុភាពរបស់វិមតិសង្ស័យ អាចនាំឱ្យមានការប្តឹងបកវិញផងដែរ។ ចំណែកការបង្ហាញអំពីវិមតិសង្ស័យ គឹត្រូវអនុវត្តដូចគ្នាជាការដាក់ភស្តុតាងជូនតុលាការពិនិត្យ។ ការដាក់ភស្តុតាងជូនតុលាការពិនិត្យ គឺអាចជូនបានដោយសេរី។
វិមតិសង្ស័យ គួរត្រូវបានពន្យល់ ផ្សព្វផ្សាយ ឱ្យបានទូលំទូលាយដល់ពលរដ្ឋទាំងអស់ឱ្យបានដឹងឮគ្រប់ៗគ្នា ព្រោះអាចជួយឱ្យមនុស្សស្លូតត្រង់ ជនពុំបានប្រព្រឹត្តបទល្មើស រួចផុតពីការចោទប្រកាន់ និងមិនជាប់ពន្ធនាគារ។ សម្រាប់អ្នកជំនាញក្នុងវិស័យព្រហ្មទណ្ឌ ត្រូវតែមានឆន្ទៈខ្ពស់កំណត់ថាមាន ឬគ្មាន វិមតិសង្ស័យ នៅក្នុងសំណុំរឿង របស់ខ្លួន។
ទាញយកជំនួយស្មារតី វិមតិសង្ស័យ ជាPDF ៖ https://t.me/lawlyheng/490
✥✥✥✥✥✥✥✥✥✥✥
Telegram ៖ https://t.me/lawlyheng
Tele Acc ៖ https://t.me/lyhenglaw
Pages FB ៖ https://www.facebook.com/lawlyheng
Youtube ៖ https://www.youtube.com/@lawlyheng6458
Website ៖ https://www.lawlyheng.com
សូមគោរពអរគុណ!